ទំពាំងបាយជូរ គឺជាផ្លែឈើដែលមានរសជាតិផ្អែមជូរ និងមានដាក់លក់នៅលើទីផ្សារទូទៅ ហើយត្រូវបានគេចាត់វាទុកជាអាហារបំប៉នមួយប្រភេទ។ ដែលក្រៅពីមានគុណប្រយោជន៍ខាងអាហារហើយនោះ ក៏នៅមានគុណភាពខាងឱសថជាច្រើនយ៉ាងទៀតផង។
សារជាតិអាហារសំខាន់នៅក្នុងទំពាំងបាយជូរ គឺស្ករ និងសារជាតិពពួកអាស៊ីតប្រមាណចាប់ពី៧-៨ប្រភេទបន្ថែមទៀត។ ក្រៅពីនេះនៅមានក្លូកូស សូខូល ACID CITRIC វីតាមីន C ព្រមទាំងដែក និងកាល់ស្យូម។ការទទួលផ្លែទំពាំងបាយជូរបានជាប់ជាប្រចាំ មានប្រសិទ្ធភាពជួយប៉ូវខួរក្បាល ប៉ូវបេះដូង ទម្លាក់ស្លេស្ម បំបាត់អាការស្រេក ប៉ូវកម្លាំង និងសម្រាប់មនុស្សមានរាងកាយស្គមស្គាំងចាស់មុនវ័យ ពុំមានកម្លាំងកំហែងជាដើម។ ប្រសិនបើបានទទួលទានទំពាំងបាយជូររាល់ថ្ងៃ នឹងជួយឲ្យរាងកាយសន្សឹមៗឡើងមាំមួនមកវិញបាន។លើសពីនេះទៀត ផ្លែទំពាំងបាយជូរគេនាំយកទៅផលិតជាស្រាទំពាំងបាយជូរដែលប្រភេទ ស្រាប៉ូវបំប៉នទៀតផង។ ចំណែកទងដើម និងឫស អាចយកទៅធ្វើជាថ្នាំបុរាណសម្រាប់បណ្ដេញខ្យល់ ទម្លាក់ស្លេស្មព្យាបាលរោគរលាកសន្លាក់ ឈឺឆ្អឹងឆ្អែង ឈឺសរសៃសរសូង រម្ងាស់សរសៃប្រសាទ បំបាត់អាការឈឺចាប់ និងអាចបំបាត់អាការក្អួតបានទៀតផង។
ក្បួនតម្រាសម្រាប់ធ្វើជាឱសថតាមបែបផែនបុរាណចិនមានដូចតទៅ:
ឈឺតាមសន្លាក់ឆ្អឹង: ឫសទំពាំងបាយជូរនៅស្រស់៦០-៩០ក្រាមលាងទឹកឲ្យស្អាត ចិញ្ច្រាំឲ្យល្អិតដាក់រួមជាមួយប្រអប់ជើងជ្រូកម្ខាង រួចប្រើស្រាសជាមួយនិងទឹកក្នុងបរិមាណស្មើគ្នា ដាំទឹកឲ្យពុះទុកទទួលទាន។
រោគរលាកថ្លើម ខាន់លឿង និងអាការរលាកឈឺនៅតាមសន្លាក់ : យកឫសទំពាំងបាយជូរនៅស្រស់ពី៣០-៩០ក្រាមដាំទឹកទទួលទាន។
ខ្វះឈាម វិលមុខ ញ័របេះដូង : ទទួលទានស្រាទំពាំងបាយជូរក្នុងបរិមាណមួយសមល្មមក្នុងមួយថ្ងៃ២-៣ដងជាប្រចាំ។
ស្ត្រីចាញ់កូនហើមទឹកនោមទាស់ : យកឫសទំពាំងបាយជូរនៅស្រស់៣០ក្រាមដាំទឹកទទួលបាន។
No comments:
Post a Comment